សូមជម្រាបថា ឯកសារសំខាន់ៗចំនួន២ដែលបានចុះហត្ថលេខានោះ រួមមាន៖
១- កម្មវិធីសហប្រតិបត្តិការនិងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ២០២២ដល់២០២៧។
២- កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំកាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ក៏បានសម្ដែងឆន្ទៈក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណាដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនទៅដល់ប្រទេសគុយបាផងដែរ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេចក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងន័យនេះ សម្ដេចបានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀត ដែលជារួមមាន វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម៕