Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Aug 07, 2026 | 16:34 PM

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក រៀបចំសិក្ខាសាលាអប់រំក្រោមប្រធានបទ “ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងសុខុមាលភាពរបស់សិស្សានុសិស្ស”

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក រៀបចំសិក្ខាសាលាអប់រំក្រោមប្រធានបទ “ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងសុខុមាលភាពរបស់សិស្សានុសិស្ស”

កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំមួយយ៉ាងជោគជ័យ ក្រោមប្រធានបទ “ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងសុខុមាលភាពរបស់សិស្សានុសិស្ស”។ សិក្ខាសាលានេះបានប្រមូលផ្តុំគណៈគ្រប់គ្រង ថ្នាក់ដឹកនាំសាខា និងលោកគ្រូ អ្នកគ្រូ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលផ្ដល់ប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការស្វែងយល់បន្ថែមពីយុទ្ធសាស្ត្របង្រៀន ចំណេះដឹងសម្រាប់អាជីពជាអ្នកអប់រំ ព្រមទាំងបង្កើតទំនាក់ទំនង និងស្គាល់គ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរផងដែរ។

ជាការចាប់ផ្ដើមបើកកម្មវិធី កញ្ញា Alexandra Scott មន្ត្រីទំនាក់ទំនងកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក និងកញ្ញា Joanna Cabredo នាយិកាផ្នែកកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងស្រដៀងគ្នាអំពីសារៈសំខាន់នៃកិច្ចសហការរវាង Aii និងស្ថានទូតសហរដ្ឋអាមេរិក។ កិច្ចសហការនេះ គឺដើម្បីគាំទ្រការអប់រំប្រកបដោយគុណភាព និងបន្តបណ្ដុះបណ្ដាលអ្នកអប់រំឆ្នើមរបស់យើង ព្រមទាំងពង្រឹងសមត្ថភាពពួកគេក្នុងការបង្រៀនសិស្សានុសិស្សនៅកម្ពុជា។

លោក Damien Shuck អ្នកឯកទេសភាសាអង់គ្លេស និងជាវាគ្មិនក្នុងសិក្ខាសាលាបានដឹកនាំអ្នកចូលរួមធ្វើសកម្មភាពជាក្រុម ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រធានបទខាងលើ។ វគ្គបណ្ដុះបណ្ដាលនេះ រួមបញ្ចូលទាំងការលើកកម្ពស់ភាពជាអ្នកដឹកនាំ សកម្មភាពធ្វើការជាក្រុមប្រកបដោយផ្លែផ្កា និងភាពសប្បាយរីករាយ វិធីសាស្ត្រថែទាំសុខុមាលភាពផ្លូវចិត្ត និងវិធីសាស្ត្រអនុវត្តការនិយាយក្នុងថ្នាក់រៀន។ សកម្មភាពទាំងអស់នេះ ជួយអភិវឌ្ឍជំនាញរបស់អ្នកចូលរួម និងអាចឱ្យពួកគេយកទៅអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀនរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

សិក្ខាសាលាមួយនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាដៃគូដ៏រឹងមាំរវាងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងស្ថានទូតសហរដ្ឋអាមេរិក ដែលមានគោលដៅរួមគ្នាក្នុងការផ្ដល់សិទ្ធិអំណាច និងលទ្ធភាពកាន់តែច្រើនដល់អ្នកអប់រំ និងគ្រូបង្រៀននៅ Aii ដើម្បីជួយឱ្យសិស្សទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរ។ លើសពីនេះ កិច្ចសហការនេះក៏បានបញ្ជាក់ផងដែរថា Aii គឺជាស្ថាប័នអប់រំដែលផ្ដល់នូវគុណភាពអប់រំដ៏ខ្ពស់ដល់សិស្សានុសិស្សកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលភាសា គម្រូមួយ ដែលយកចិត្តទុកដាក់វិនិយោគលើសុខុមាលភាព និងការអភិវឌ្ឍអាជីពគ្រូបង្រៀនរបស់ខ្លួន។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជឿជាក់យ៉ាងមុតមាំថា “គ្រូបង្រៀនពូកែ ទើបអាចបង្រៀនសិស្សឱ្យពូកែ”។ តាមរយៈការផ្ដល់ចំណេះដឹង និងជំនាញដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងសុខុមាលភាពផ្លូវកាយ និងចិត្ត Aii នឹងបន្តរក្សាខ្លួនជាស្ថាប័នអប់រំដែលមានគ្រឹះរឹងមាំនៅតាមបណ្ដាសាខារបស់ខ្លួន។ កិច្ចសហការនេះនឹងជួយឱ្យលោកគ្រូ អ្នកគ្រូ និងអ្នកអប់រំរបស់យើង អាចបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយរាល់ឧបសគ្គ ទាំងក្នុងការសិក្សា និងការងារនាពេលអនាគត។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងចាប់ផ្ដើមវគ្គសិក្សាថ្មីនៅចុងខែកញ្ញាខាងមុខនេះ។ កិច្ចសហការរវាង Aii និងស្ថានទូតសហរដ្ឋអាមេរិក គឺជាសក្ខីភាពបញ្ជាក់ថា Aii ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ និងបណ្ដុះបណ្ដាលសិស្សានុសិស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគេក្លាយជាអនាគតអ្នកដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជាជាក់ជាពុំខាន៕