បន្ទាប់ពីកម្មវិធី TEDx American Intercon School ឆ្នាំ២០២៥ លើកទី២ បានបញ្ចប់ទៅដោយជោគជ័យកាលពីពេលថ្មីៗនេះ និងដោយមើលឃើញស្មារតីលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យស្របតាមបរិបទសតវត្សរ៍ទី២១ សិស្ស១០រូប ទទួលបានកិត្តិយសចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ លោក សាន វឌ្ឍនា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា និងក្លឹបជជែកដេញដោលមតិ (Debate Club) នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីរសៀលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ។
ជំនួបដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង សំណេះសំណាល ចែករំលែកបទពិសោធន៍អំពីការនិយាយជាសារធារណៈ ការជជែកដេញដោលមតិ និងការពិភាក្សាទៅលើកិច្ចសហការរវាងសាលាទាំង2នៅក្នុងកម្មវិធីនិយាយជាសាធារណៈ Vs.lead នៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ ស្វែងរកលទ្ធភាព សហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយយុវជនឆ្នើមទាំង១០រូប ដែលក្នុងចំណោមនោះក៏មាន៤រូប មកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ ផងដែរ នៅក្នុងការរៀបចំនិង បង្កើតនូវវេទិកាក្នុងការផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៍ជាក់ស្ដែងលើវិស័យសំខាន់ៗចំនួន២គឺ សិល្បៈនៃការនិយាយជាសាធារណៈ (Public Speaking) និងការជជែកដេញដោលមតិ (Debating)។
មិនត្រឹមតែប៉ុណ្ណោះជំនួបនេះ បានធ្វើឱ្យយុវជន និងសិស្សានុសិស្ស បង្កើនសមត្ថភាពទំនាក់ទំនង ការបង្ហាញគំនិត ការកសាងទំនុកចិត្ត និងជំរុញស្មារតីភាពជាអ្នកដឹកនាំវ័យក្មេង តាមរយៈសៀវភៅក្លឹបសិក្សា មនសិការពលរដ្ឋល្អ ថ្នាក់ទី១០ និងទី១១ ក្រោមកិច្ចសហការ ពីក្រសួងអប់រំ យុវជន និងកីឡា ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា មកធ្វើជាវីដេអូ ដើម្បីគាំទ្រទៅលើមេរៀន និយាយទៅលើប្រធានបទ ដូចជា ភាពជាអ្នកដឹកនាំ ការជ្រើសរើសមុខវិជ្ជាសិក្សា ការនិយាយជាសាធារណៈ និងការងារស្ម័គ្រចិត្ត ជាដើម។
លើសពីការសំណេះសំណាល ភាគីទាំងពីរក៏បានជម្រុញការពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហការរវាងស្ថាប័នអប់រំទាំងពីរ ក្នុងក្របខណ្ឌកម្មវិធី "Vs.lead" ដែលជាគម្រោងដ៏លេចធ្លោរបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ កិច្ចសហការនេះមានគោលដៅរួមគ្នារៀបចំវេទិកានិយាយជាសាធារណៈដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញសមត្ថភាពដឹកនាំ និងការប្តេជ្ញាចិត្តរបស់ពួកគេតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសនោះ លោក សានវឌ្ឍនា បានមានប្រសាសន៍ថា ការសហការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលយុវជន ឱ្យមានជំនាញនិយាយជាសាធារណៈ ប្រកបដោយភាពជឿជាក់ ការគិតវិភាគ និងស្មារតីច្នៃប្រឌិត ដែលជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សម្រាប់អនាគតប្រទេសកម្ពុជា៕





