សិក្ខាសាលាដែលរៀបចំធ្វើនៅសាលាអន្តរទ្វីបអាមេរិកាំងសាខាទួលគោកនេះ មានការចូលរួមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃផ្សារមូលបត្រកម្ពុជា និងលោក សួង ចន្ថាត នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។បន្ទាប់ពីការធ្វើសុន្ទរកថា និងការធ្វើបទបង្ហាញរបស់ភាគីពាក់ព័ន្ធ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា MJQE បានចាប់ផ្ដើមពីចំណុចតូចមួយ តែពេលនេះគឺបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយនៅថ្ងៃខាងមុខក្រុមហ៊ុន MJQE កាន់តែរីកចម្រើន។ ដូច្នេះការវិនិយោគជាមួយក្រុមហ៊ុននៅពេលដែលចូលក្នុងទីផ្សារមូលបត្រ គឺមិនខាតនោះទេព្រោះថាចំណុចចាប់ផ្ដើមនៃការចូលទីផ្សារមូលបត្ររបស់ក្រុមហ៊ុន គឺជាឱកាសល្អសម្រាប់អ្នកអាណាព្យាបាលសិស្ស និងអ្នកវិនិយោគក្នុងការទិញភាគហ៊ុនពីក្រុមហ៊ុន MJQEដោយផ្ទាល់។ លោកបន្ថែមថា ប្រទេសដែលមិនមានវិនិយោគលើវិស័យទីផ្សារភាគហ៊ុននេះគឺមិនងាយលូតលាស់ទេ ព្រោះទីផ្សារភាគហ៊ុនធ្វើឱ្យចរន្តសេដ្ឋកិច្ចមានលំនឹង ធ្វើឱ្យអ្វីៗក្នុងប្រទេសមួយត្រូវគេទទួលស្គាល់ និងធ្វើឱ្យប្រទេសមួយទទួលបានទំនុកចិត្ត។ អ្នកឧកញ៉ាសង្ឃឹមថា ការដាក់ក្រុមហ៊ុន MJQE ដែលជាក្រុមហ៊ុនវិនិយោគផ្នែកអប់រំដំបូងគេនៅកម្ពុជាចូលទៅក្នុងទីផ្សារមូលបត្រនេះ នឹងក្លាយជាក្រុមហ៊ុនគម្រូដល់ក្រុមហ៊ុនជាមានលំដាប់ថ្នាក់ទាប និងមធ្យម(SME) ដើរតាមផ្លូវដែលក្រុមហ៊ុន MJQE បានធ្វើ និងសំណូមពរដល់ក្រុមហ៊ុនដទៃឱ្យរៀបចំខ្លួនដើម្បីត្រៀមចូលទីផ្សារភាគហ៊ុនដូច MJQE ផងដែរ។
អ្នកឧកញ៉ា គួច ម៉េងលី រំពឹងថា តម្លៃនៃMJQE នឹងកើតឡើងដល់ ១ ០០០លានដុល្លាសហរដ្ឋអាមេរិក នៅពេលខាងមុខហើយការរំពឹងនេះគឺជាហាក់នៅក្នុងតម្លៃទាបបំផុត ខណៈដែលក្រុមហ៊ុននៅប្រទេសផ្សេងពេលឡើងទីផ្សារមូលបត្រគឺមានតម្លៃខ្ពស់ជាងនេះឆ្ងាយ។
អ្នកឧកញ៉ាក៏បានបង្ហាញពីគម្រោងពង្រីកសាខាសាលាដែលស្ថិតក្រោមក្រុមហ៊ុន MJQE ឱ្យមាននៅគ្រប់រាជធានី ខេត្ត ដើម្បីឱ្យវិស័យអប់រំដែលចេញពីក្រុមហ៊ុនបានត្រូវបានគេស្គាល់ទូលំទូលាយ ហើយមិនត្រឹមតែពង្រីកតែសាលាចំណេះដឹងទូទៅ និងសាលាភាសានោះទេ គឺនឹងបង្កើតជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗជាច្រើនទៀតប្រកបដោយគុណភាព។
អ្នកឧកញ៉ា គួច ម៉េងលី បញ្ជាក់ថា មានសាលាមួយចំនួនតម្លៃថ្លៃសិក្សាខ្ពស់ជាងសាលាដែលស្ថិតក្រោមក្រុមហ៊ុន MJQE ប៉ុន្តែគុណភាពមិនអាចប្រៀបជាមួយ សាលាដែលស្ថិតក្រោមក្រុមហ៊ុន MJQE បាននោះទេ។ ករណីនេះលោកអះអាងថា សាលាយកគុណភាពជាធំ ហើយចង់ឱ្យប្រជាពលរដ្ឋទទួលបានគុណភាពអប់រំល្អប្រសើរអាចប្រកួតប្រជែងជាមួយប្រព័ន្ធអប់រំនៅក្រៅប្រទេសបាន។ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា ហើយកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែ មេសា ឆ្នាំ២០២៣ ដោយតម្លៃក្នុង១ភាគហ៊ុនគឺ ០.៥១ដុល្លារ (ស្ថិតក្រោមការសម្រេចយល់ព្រមពី និយ័តករមូលបត្រកម្ពុជា)។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២៣។
នេះមិនមែនជាលើកទី១ទេដែលក្រុមហ៊ុនMJQE រៀបចំសិក្ខាសាលាស្តីពី ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្ម ព្រោះកន្លងមកគឺក្រុមហ៊ុនបានរៀបចំសិក្ខាសាលាដើម្បីប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកអាណាព្យាបាលសិស្ស បានយល់ និងចូលរួមជាមួយវិស័យមួយនេះឱ្យបានផុសផុល។
យ៉ាងនេះក្តីអ្នកឧកញ៉ាក៏ជំរុញផងដែរ ដល់និយ័តករទីផ្សារភាគហ៊ុនពន្លឿនកិច្ចការដើម្បីឱ្យក្រុមហ៊ុនMJQEបានចូលក្នុងទីផ្សារមូលបត្រកាន់តែឆាប់ផងដែរ៕