គន្លឹះជីវិត May 18, 2018 | 17:35 PM

​លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ៖ កាលៈទេសៈ​ខ្លះ លុយ​មិន​អាច​ជួយ​យើង​បាន​ឡើយ​

image

ក្នុង​ជំនួប​ពិភាក្សា ជា​មួយ​នឹង​សហគ្រិន​វ័យ​ក្មេង កាលពី​ពេល​កន្លង​មក លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជាអគ្គ​នាយក​ប្របតិបត្តិ នៃ​ក្រុម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាន​មាន​ប្រសាសន៍​ថា បើ​យើង​មើល​ជាទូ​ទៅ គេ​ស្គាល់​ថា លុយ គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​វិសេស​មួយ​ដែល​អាច​ជួយ​លើក​តម្លៃ កេរ្តិ៍​ឈ្មោះ កិត្តិយស និង​អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​មនុស្ស​បាន​ស្ទើរតែ​គ្រប់​​ករណី​ក៏​ដោយ ប៉ុន្តែ​មិន​ប្រាកដ​ថា​លុយ​អាច​ជួយ​ដោះ​ស្រាយ​​បញ្ហា​មនុស្ស​បាន​គ្រប់​កាលៈទេសៈ​ឡើយ។

លោក​ឧកញ៉ា បញ្ជា​ក់​ថា នៅ​ពេល​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន មាន​ពេល​ខ្លះ​លុយ គឺ​មិន​អាច​ជួយ​អ្វី​យើង​បាន​ទាល់តែ​សោះ ផ្ទុយ​ទៅ​វិញ​មាន​តែ​សេចក្តី​សង្ឃឹម ភាព​មោះមុត និង​ការជឿ​ជាក់​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​អាច​ជួយ​តម្រែតម្រង់​ផ្លូវ​ឱ្យ​យើង​បាន​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ។ អាច​និយាយ​បាន​ថា លុយ​គឺជា​អាវុធ​មុខ​ពីរ។ ហេតុ​អ្វី? ព្រោះ​ថា លុយ​អាច​ជួយ​ឱ្យ​មាន​មនុស្ស​មាន​មុខ​មាត់ មាន​តម្លៃ កេរ្តិ៍​ឈ្មោះ កិត្តិយស តែជួនកាល​លុយ​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់​តម្លៃ កេរ្តិ៍​ឈ្មោះ​អា​ស្រូវ ធ្វើ​ឱ្យ​មនុស្ស​មាន​វិវាទ​នឹង​គ្នា និង​ធ្វើ​ឱ្យ​មនុស្ស​អ​សីលធម៌​ក្នុង​ការ​រស់​នៅ​ក៏​មាន។

លោក​ឧកញ៉ា បញ្ជា​ក់​ទៀត​ថា បុគ្គល​ចំនួន​មាន​ទ្រព្យ​សម្បត្តិហូរហៀរ រស់​ក្នុង​ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ មាន​រថយន្ត​ទំនើបៗ​ជិះ មាន​ឋានៈ​បុណ្យ​សក្តិខ្ពង់​ខ្ពស់​នៅ​ក្នុង​សង្គម តែបែរជា​គ្មាន​សុខសុភមង្គល​ក្នុង​គ្រួសារ​ទៅ​វិញ។ បុគ្គល​មួយ​ចំនួន​ទៀត​មាន​ទ្រព្យ​សម្បត្តិហូរហៀរ​ដែរ ហើយ​មិន​ត្រឹម​តែ​គ្មាន​សុខសុភមង្គល​ក្នុង​គ្រួសារ​នោះ​ទេ តែថែម​ទាំង​ត្រូវ​មនុស្ស​ក្នុង​សង្គម​ស្អប់ខ្ពើម មិន​ឱ្យ​តម្លៃ និង​មិន​ចង់​រាប់រក​ទៀត​ផង។ ដោយ​​ឡែក​បុគ្គល​មួយ​ចំនួន​ទៀត​មាន​ប្រាក់​កាស​ទ្រព្យ​សម្បត្តិហៀរហូរ មាន​មុខ​មាត់ កេរ្តិ៍​ឈ្មោះ កិត្តិយស និង​មាន​មហា​ជនជា​ច្រើន​គោរព​រាប់អាន តែ​នៅ​ពេល​ជួប​បញ្ហា​ម្ដងៗ​ក៏​នៅ​តែ​មិន​អាចយក​លុយ និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​មក​ជួយ​ស​ដោះ​ស្រាយ​​បាន។ ការណ៍​នេះ​​បញ្ជា​ក់ កាន់​តែ​ច្បាស់​ថា លុយ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឱ្យ​មនុស្ស​មាន​តម្លៃ កេរ្តិ៍​ឈ្មោះ កិត្តិយស មាន​មនុស្ស​គោរព​រាប់អាន​នោះ​ទេ ហើយ​យើង​មិន​អាចយក​លុយ​កាសមក​ជួយ​ដោះ​ស្រាយ​​បញ្ហា​បាន​គ្រប់​កាលៈទេសៈ​ដែរ៕