ក្នុងជំនួបជាមួយបុគ្គលិក ជាច្រើននាក់ កាលពីពេលកន្លងមក លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា កន្លងមក មានបុគ្គលមួយចំនួនតែងតែនិយាយថា «គេចង់ជោគជ័យដូចអ្នកនេះ ចង់ជោគជ័យដូចអ្នកនោះ»។ តាមពិតទៅអ្នកមិនចាំបាច់ចង់ជោគជ័យដូចគេនោះទេ ពីព្រោះអ្នកអាចជោគជ័យខ្លាំងជាងគេទៅទៀត។
លោកឧកញ៉ាបន្តថា ហេតុអ្វី បានជាលោកលើកឡើងដូច្នេះ? ព្រោះមនុស្សយើងម្នាក់ៗតែងតែមានជីវិតរស់នៅផ្សេងៗគ្នា ដូច្នេះភាពជោគជ័យក៏អាចកើតឡើងតាមរបៀបផ្សេងៗគ្នាដែរ។ និយាយបែបនេះ មិនមែនបដិសេធថាមិនចង់ឱ្យអ្នកចាត់ទុកបុគ្គលជោគជ័យណាម្នាក់ជាមនុស្សគំរូ ឬជានិមិត្តរូបនោះទេ គឺគ្រាន់តែចង់ឱ្យអ្នកមានក្ដីស្រមៃ ធ្វើអ្វីដែលជាអត្តសញ្ញាណផ្ទាល់ខ្លួន និងចេះកំណត់គោលដៅជោគជ័យផ្ទាល់ខ្លួនឱ្យខ្ពស់ជាងបុគ្គលដទៃតែប៉ុណ្ណោះ ព្រោះការកំណត់គោលដៅជោគជ័យឱ្យបានកាន់តែខ្ពស់ វានឹងធ្វើឱ្យយើងកាន់តែទទួលបានជោគជ័យខ្ពស់ផងដែរ។
លោកឧកញ៉ា បញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក៏ដោយ បើយើងមានត្រឹមតែក្តីស្រមៃខ្ពស់ តែគ្មានសកម្មភាពនោះ វានឹងនាំយើងឱ្យរស់នៅតែក្នុងក្តីស្រមៃ ឬហៅថាទីលានប្រណាំងកណ្ដុរ គ្មានថ្ងៃដើរចេញមកវិញបានឡើយ។ យើងអាចនឹងស្ថិតនៅទីដ៏សែនឆ្ងាយពីគេ ឆ្ងាយសែនឆ្ងាយពីបុគ្គលដែលយើងចាត់ទុកថាជានិម្មិតរូប ពីបុគ្គលដែលយើងធ្លាប់គិតថាយើងនឹងមានជោគជ័យលើសផងនោះក៏ថាបាន។
លោកឧកញ៉ាវេជ្ជបណ្ឌិត លើកឡើងទៀតថា ចូរគិតមើលថា តើយើងគួររើសផ្លូវដើរបែបណា ដើម្បីឱ្យឈានដល់ចំណុចជោគជ័យលើសពីនិម្មិតរូបរបស់យើង ដែលយើងធ្លាប់បានគិតនោះ។ ប្រហែលជាមានចំណុចមួយចំនួន ដែលអាចឱ្យយើងសាកល្បងគិតបានដូចជា ចំណេះជំនាញវិជ្ជាជីវៈ ភាសា ការទំនាក់ទំនង និងបង្កើតគម្រោងច្បាស់លាស់មួយ និងជាពិសេសគឺការស្វែងរកប្រភពធនធានជាដើម៕