លោកឧកញ៉ាថា នៅខ្មែរយើងមានគ្រូខ្លះខ្ជិលមិនដាក់កិច្ចការឱ្យសិស្សទេ បើដាក់ភាគច្រើនគឺដាក់ឱ្យសិស្សធ្វើស្រួលៗ ដើម្បីស្រួលកែ។ ប៉ុន្តែក៏មានគ្រូខ្លះ យកចិត្តទុកដាក់ ហើយដាក់មេរៀនណាដែលតម្រូវឱ្យសិស្សចេះគិត និងវិភាគ ដើម្បីធ្វើឱ្យខួរក្បាលសិស្សដំណើរការបានល្អ និងឈ្លាសវៃ។ ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកជំនាញវិស័យអប់រំដដែលបន្ថែមថា នៅបណ្ដាប្រទេសអភិវឌ្ឍ គ្រូមិនចេះតែបង្រៀននោះទេ ហើយឪពុកម្ដាយក៏មិនបណ្ដែតបណ្ដោយការសិក្សារបស់កូនដែរ។ មានន័យថា អាណាព្យាបាលសិស្ស គឺតាមដានការសិក្សារបស់កូនជាប្រចាំ ជាពិសេស បើគ្រូបង្រៀនមិនបានល្អនោះទេ ឪពុកម្ដាយមានសិទ្ធិស្នើប្ដូរគ្រូបាន។
វាគ្មិនឆ្នើមដដែលបញ្ជាក់ថា ដើម្បីឱ្យការសិក្សាកូនប្រសើរ ឪពុកម្ដាយគ្រប់រូបគួរតែឆ្លើយឆ្លងជាមួយសាលា និងគ្រូឱ្យបានជាប្រចាំ។ មានន័យថា បើសាលាស្នើសុំជួប មាតាបិតាគួរតែមកតាមការណាត់ជួប ព្រោះពេលខ្លះសាលាចង់ដឹងពីបញ្ហារបស់កូនដែលមាននៅក្នុងថ្នាក់រៀន ប៉ុន្តែឪពុកម្ដាយខ្លះគាត់មិនបានយល់ពីអត្ថប្រយោជន៍ដែលគាត់មកជួបសាលា ដើម្បីពិភាក្សារឿងសិក្សារបស់កូននោះទេ។ លោកថា បើខាងសាលាហៅជួប លោកឪពុកអ្នកម្ដាយគួរតែមកជួប ព្រោះសាលាបានសិក្សាដឹងពីតម្រូវការរបស់សិស្ស និងបានដឹងច្បាស់ពីកូនរបស់យើងថា កូនយើងកង្វះខាតអ្វីខ្លះ? មានបញ្ហាអ្វី? ដើម្បីឱ្យយើងជួយបំពេញបន្ថែម និងយកចិត្តទុកដាក់ ដើម្បីកុំឱ្យកូនរៀនធ្លាក់ថ្នាក់ ឬកូនបាក់ទឹកចិត្តលែងចង់រៀនសូត្រ។
ជាបន្តបន្ទាប់ទៀតនោះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកថា ឪពុកម្ដាយក៏ត្រូវរៀបចំពេលវេលាសម្រាប់កូនសិក្សាឱ្យបានត្រឹមត្រូវ មានពេលសម្រាកគ្រប់គ្រាន់ និងឱ្យពួកគេគេងបានគ្រប់គ្រាន់ ដើម្បីឱ្យសុខភាព និងការសិក្សារបស់កូនល្អប្រសើរ។ ក្រៅពីនេះ កូនតូចៗត្រូវរៀបចំអាហារ និងរៀបចំសម្ភារៈសិក្សាឱ្យបានត្រឹមត្រូវ មុននឹងជូនកូនទៅសាលារៀន។ បើតាមការសង្កេតរបស់លោកឃើញថា ក្មេងៗដែលក្រោកពីព្រលឹមឡើងមានឪពុកម្ដាយរៀបចំអាហារឱ្យញ៉ាំ ងូតទឹក រៀបចំសៀវភៅ កាតាប ឬសម្ភារៈសិក្សាឱ្យកូនរួចជាស្រេចនោះ គឺភាគច្រើនកូនរៀនពូកែជាកូនដែលអាណាព្យាបាលមិនសូវយកចិត្តទុកដាក់។
ចំពោះកន្លែងសម្រាប់កូនសិក្សា អ្នកជំនាញវិស័យអប់រំរូបនេះបន្តសួរថា តើនៅក្នុងផ្ទះយើងមានបន្ទប់សម្រាប់កូនរៀន មានតុកៅអីសម្រាប់អង្គុយ និងមានកន្លែងស្ងប់ស្ងាត់ដែរឬទេ? បើគ្មានទេ ត្រូវរៀបចំតាមភាពជាក់ស្ដែងឱ្យបានត្រឹមត្រូវ។ លោកថា ក្នុងវ័យសិក្សានេះ ឪពុកម្ដាយកុំប្រើកូនឱ្យធ្វើកិច្ចការផ្ទះរហូតហួសកម្លាំង ឬធ្វើដោយគ្មានពេលសម្រាប់អានសៀវភៅ ឬធ្វើមេរៀនសាលានោះឡើយ ព្រោះឪពុកម្ដាយមួយចំនួនមិនខ្វល់ ឬចាប់អារម្មណ៍ថា កូនធ្វើមេរៀន ឬលំហាត់នោះទេ។ អ្វីដែលពិសេសនោះ លោកថា នៅពេលសម្រាកពីការសិក្សា ឪពុកម្ដាយគួរឧស្សាហ៍នាំកូនទៅបណ្ណាល័យអានសៀវភៅ និងដើរកម្សាន្តផងដែរ។ ក្រៅពីគ្រូបង្រៀន លោកថា ឪពុកម្ដាយគឺមានតួនាទីអប់រំ ទូន្មានប្រៀនប្រដៅ ឱ្យកូនៗមានសីលធម៌ និងចេះទទួលខុសត្រូវនៅក្នុងសង្គម។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដដែលបន្ថែមថា ឪពុកម្ដាយគ្រប់រូបក៏គួរតាមដានការសិក្សារបស់កូនទាំងនៅសាលារៀន និងនៅក្នុងថ្នាក់ផងដែរថា តើមានអ្នកធ្វើបាបកូនឬទេ? មានអ្នកបំភ័យសម្លុតកូនដែរឬទេ? លោកបានពន្យល់ដូច្នេះថា បើក្មេងៗត្រូវគេធ្វើបាប គំរាមបំភ័យនោះ គឺពួកគេរៀនមិនចូលទេ ហើយការសិក្សាក៏មិនប្រសើរដែរ តែបើពិនិត្យឃើញថា កូនៗមានបញ្ហាទាំងនោះ អ្នកអាណាព្យាបាលត្រូវដោះស្រាយឱ្យបានឆាប់ជាមួយអ្នកពាក់ព័ន្ធដោយសន្តិវិធី ដើម្បីឱ្យដំណើរការសិក្សារបស់កូនៗល្អប្រសើរ និងលែងមានអារម្មណ៍ភ័យខ្លាចក្នុងកំលុងសិក្សា៕