ស្ត្រីមិនគួរចាញ់ប្រៀប និងកលល្បិចរបស់បុរស ដែលនាំឱ្យខកចិត្ត ខាតបង់ និងឈឺចាប់រហូតឈានទៅធ្វើអត្តឃាត ឬសម្លាប់ខ្លួនដោយសារបុរសនោះទេ។ នេះជាប្រសាសន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងប្រាប់យុវជនជាង១,០០០នាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្មីៗកន្លងទៅ។
លោកឧកញ៉ា វេជ្ជបណ្ឌិត បានបន្តថា លោកមិនហាមឃាត់មិនឱ្យយុវជនមានស្នេហានោះទេ តែក្នុងវ័យសិក្សាយុវជន ត្រូវខំប្រឹងរៀនសូត្រ ចេះគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។ លោកសង្កត់ធ្ងន់ថា សម្រាប់បុរស ត្រូវឱ្យតម្លៃខ្ពស់ទៅលើស្ត្រី ហើយស្រ្តីមិនគួរភ្លេចនូវប្រពៃណី ដោយចាញ់នូវពាក្យលួងលោមរបស់បុរស ហើយដើរខ្សែលើស្ត្រីនោះឡើយ។
វាគ្មិនដដែលអះអាងថា ដើម្បីរក្សាចំណងស្នេហាបានយូរអង្វែង យើងត្រូវដឹងចិត្ត ស្គាល់ថ្លើមគ្នាឱ្យបានច្បាស់ និងរៀបចំអនាគតជាមួយគ្នាឱ្យបានរួចរាល់ ហើយខំប្រឹងរៀនសូត្រឱ្យបានចប់ មានការងារល្អធ្វើហើយ សិមកាន់ដៃគ្នាចូលរោងការ។ តែបើដើរផ្លូវកាត់ ដោយស្ត្រីឆាប់ប្រគល់អ្វីៗគ្រប់យ៉ាងឱ្យបុរសមុន នោះស្នេហាភាគច្រើនបាក់បែក មិនសូវស្ថិរភាព ឬយូរអង្វែងនោះទេ។
អ្នកជំនាញវិស័យអប់រំដដែលបន្តថា ស្ត្រីជាមាតាពិភពលោក និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ លោកឧកញ៉ាថា បុរសមិនអាចខ្វះស្ត្រីបានឡើយក្នុងការអភិវឌ្ឍស្ថាប័ន ឬប្រទេសជាតិឱ្យរីកចម្រើន។ ដោយហេតុស្ត្រី គឺជាបុគ្គលដែលពូកែអត់ធ្មត់ ស៊ូទ្រាំ និងប៉ិនប្រសប់ក្នុងការដឹងនាំស្ថាប័នឱ្យរីកចម្រើន។ ជារួម នៅក្នុងសង្គមជាតិនីមួយៗ បើគ្មានស្ត្រីចូលរួមទេ សង្គមនោះក៏ពិបាកក្នុងការរីកចម្រើន និងលូតលាស់បានលឿនដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច៕