គន្លឹះជីវិត Mar 08, 2021 | 14:22 PM

ឧកញ៉ា​ គួ​ច​ ម៉េង​លី​៖​ ​សូម​ឱ្យ​ទិវា​អន្តរជាតិ​នារី​ មិនមែន​មានតែ​លើ​ប្រតិទិន​

image

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​មានប្រសាសន៍ថា​ ស្រ្តី​និង​បុរស​ ​គឺជា​តំណាង​ស្មើភាព​គ្នា​ទៅវិញទៅមក​ ​ហើយ​មាន​តួនាទី​ស្មើ​ៗ​គ្នា​នៅ​ស្ទើរគ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​។​

​អ្វី​ដែល​ពិសេស​នោះ​ ​អ្នកជំនាញ​វិ​ស័យ​អប់រំ​រូប​នេះ​បន្ថែម​ថា​ ​ស្ត្រី​មាន​តួនាទី​ផ្តល់​កំណើត​ដល់​យើង​គ្រប់​ៗ​គ្នា​នៅ​លើ​ភព​​​ផែនដី​។​ ​លោក​ថា​ ​ទោះបីជា​ស្រ្តី​មាន​តួនាទី​សំខាន់​យ៉ាងនេះ​ក្តី​ ​យើង​នៅតែ​មើលឃើញ​ពី​វិសមភាព​រវាង​បុរស​និង​ស្រ្តី​ដដែល​ ​ហើយ​ស្ត្រី​តែងតែ​ទទួល​បាន​ការគោរព​ ​តួនាទី​ ​និង​បៀវត្ស​ ​ទាប​ជាង​អ្វី​ដែល​បុរស​ទទួល​បាន​។​ ​បុរស​មានកំណើត​ពី​ស្ត្រី​ ​ហើយ​ជីវិត​នឹង​កាន់តែ​មានន័យ​ ​បើ​បុរស​និង​ស្ត្រី​ចេះ​រួម​រស់នៅ​ជាមួយគ្នា​ដោយ​ស្មើភាព​ ​និង​សន្តិវិធី​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​បុរស​ ​និង​ស្ត្រី​ ​បើ​ខ្វះ​នរណា​ម្នាក់​​​នោះ​ជីវិត​នឹង​គ្មានន័យ​ ​ហើយ​គ្មានភាព​​កក់ក្តៅ​ ​និង​អាច​ប្រឈម​បញ្ហា​ជីវភាព​មិនខាន​ ​ប៉ុន្តែ​បើ​នៅ​ជុំគ្នា​ ​នោះ​ជីវិត​នឹង​ពេញលក្ខណៈ​ ​និង​ប្រកបដោយ​សេចក្តី​សុខ​សុភមង្គល​។​ ​បើ​បុរស​ជា​ស្តេច​ ​ច្បាស់​ណាស់​ស្រ្តី​គឺជា​មាតា​ ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​និង​ជា​អ្នក​ទំនុក​បម្រុង​ស្តេច​មិន​អាច​ប្រកែក​បាន​ឡើយ​។​

​វាគ្មិន​ឆ្នើម​ គួច ម៉េងលី បានអំពាវនាវដល់យុវជន​ដូច្នេះ​ថា​ ​ចូរ​យើង​ទាំងអស់គ្នា​ចូលរួម​គោរព​ ​លើក​តម្កើង​ ​និង​ឱ្យ​តម្លៃ​ម្ចាស់​ក្សត្រិយ៍​របស់យើង​គ្រប់ពេល​វេលា​ ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ​។​ ​ការ​លើក​តម្កើង​តម្លៃ​ស្រ្តី ​មិន​ចាំបាច់​ត្រូវតែ​រង់ចាំ​ឱ្យ​ដល់​ទិវា​អន្តរជាតិ​នារី​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ ​សម្រាប់​ខួប​លើក​ទី​១​១​០​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​ថ្ងៃ​ទី​៨​មីនា​ ​ឆ្នាំ​២​០​២​១​ ​នេះ​ក្រសួង​កិច្ចការ​នារី​ ​បាន​សម្រេច​ជ្រើស​ប្រធាន​បទ​ ​«​ស្ត្រី​ ​និង​ការ​អភិវឌ្ឍ​ក្នុង​បរិ​ការណ៍​កូ​វី​ដ​-​១​៩​ ​ដើម្បី​បន្ត​រំលេច​ពី​តម្លៃ​នៃ​យេ​ន​ឌ័​រ​៕​