អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាងហ្វាង ក្រុមហ៊ុន MJQ MEDIA NETWORK (MMN) បានជំរុញដូចនេះក្នុងឱកាសចូលរួមអបអរសាទរខួបគម្រប់២០ឆ្នាំនៃការបង្កើតសំឡេងប្រជាធិបតេយ្យ VOD កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
អ្នកឧកញ៉ា មានប្រសាសន៍ថា បច្ចុប្បន្នភាពគឺប្រជាជនខ្មែរយើងហាក់ដូចជាខ្លាចច្រើនក្នុងបញ្ចេញមតិយោបល់ ហើយការសរសេរព័ត៌មានភាគច្រើនហាក់ដូចជានៅរាក់មិនស៊ីជម្រៅមិនអាចយកជាការបាន។ លោកបានលើកពីសារព័ត៌មាននៅប្រទេសភាគច្រើនគឺអាចយកធ្វើជាមេរៀនស្រាវជ្រាវ ហើយអាចជាគោលនៃការសិក្សាផងដែរ។ លោកបន្ថែមថា ព័ត៌មាននៅកម្ពុជាហាក់ចេញបានរហ័ស ប៉ុន្តែមិនមានអ្វីដែលសំខាន់។ ករណីនេះលោកសំណូមពរឱ្យអ្នកសារព័ត៌មានចំណាយពេលសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ព្រោះថា រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋចង់ដឹង។ ជាមួយគ្នានេះលោកថា ទាំងអក្ខរាវិរុទ្ធ និងបែបបទព័ត៌មានហាក់មិនទាន់អ្វីដែលជាចំណុចរួមគ្នានៅឡើយ។
ជាមួយគ្នានេះ អ្នកធ្វើការពាក់ព័ន្ធជាមួយសិទ្ធិបញ្ចេញមតិក៏សាទរចំពោះការលើកឡើងរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរ ដោយលោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ហៅកាត់ APIមានប្រសាសន៍ថា ព័ត៌មានស៊ីជម្រៅ ស៊ើបអង្កេត គឺពិតជាសំខាន់ បើទោះជាត្រូវចំណាយពេលច្រើនក្នុងការសិក្សាស្រាវជ្រាវ ហើយ លោកក៏បារម្ភផងដែរ ដោយសារតែបច្ចុប្បន្ន មានព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ (Fake news) ។
យោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា គិតត្រឹមខែសីហាឆ្នាំ២០២២ ក្រសួងព័ត៌មានបានចេញអាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណដល់អង្គភាពសារព័ត៌មានជាតិ និងបរទេស ចំនួន២.១៥៤អង្គភាព៕