លោក ឯម វណ្ណា អ្នកប្រកបរបរជួសជុលចង្ក្រានហ្គាស និងកង្ហារមួយរូប ដែលរស់នៅក្នុងភូមិតាជេស បានប្រាប់ MJQTVថា លោកទើបតែប្រកបមុខរបរនេះប្រមាណ៥ទៅ៦ខែប៉ុណ្ណោះ ខណៈដែលអ្នកនៅក្នុងភូមិ ប្រកបរបរនេះជាច្រើនឆ្នាំមកហើយ ។ លោកបន្តថា មូលហេតុដែលលោកដូរពីធ្វើការឱ្យគេមកប្រកបរបរជាអ្នកជួសជុលចង្ក្រានហ្គាស និងកង្ហារនេះ ព្រោះថា ចំណូលហាក់បានច្រើនជាងធ្វើការឱ្យគេ ហើយលោកចង់ទៅពេលណាក៏បាន មិនចាំបាច់ទៀងម៉ោងទៀងពេលដូចធ្វើការឱ្យគេនោះទេ។ លោកឱ្យដឹងទៀតថា សម្ភារសម្រាប់ជួសជុល និងផ្លាស់ប្តូរ លោកត្រូវទៅទិញពីប្រទេសវៀតណាម ពោលពេលដែលធ្វើដំណើរទៅជួសជុលដល់ជិតព្រំដែនកម្ពុជា-វៀតណាម លោកឆ្លងចូលទៅទិញបន្ថែមតែម្ដង។
បើតាមលោក ឯម វណ្ណា ពេលព្រឹកឡើងក្រុមរបស់លោក ត្រូវចែកផ្លូវគ្នាទៅរកម៉ូយតាមផ្លូវផ្សេងៗគ្នា មានអ្នកខ្លះវិលមកវិញពេលល្ងាច ប៉ុន្តែមានអ្នកខ្លះត្រូវសម្រាកនៅតាមវត្ត ឬទីសាធារណៈនានាដើម្បីបន្តដំណើរទៅកន្លែងផ្សេងទៀតនៅថ្ងៃថ្មី ដែលក្នុងនោះលោកឱ្យដឹងផងដែរថាថ្ងៃណាដែលសំបូរអ្នកយកមកជួសជុលគឺអាចរកប្រាក់បានជាង១០ម៉ឺនរៀល ប៉ុន្តែថ្ងៃខ្លះគឺស្ទើរតែរកប្រាក់ចាក់សាំងម៉ូតូមិនបាន។
ទាក់ទងករណីនេះមេប៉ុស្តិ៍រដ្ឋបាលតាជេស លោក ហ៊ុំ សុខចាន់ បានឱ្យដឹងថាក្នុងភូមិតាជេសពិតជាមានអ្នកប្រកបរបរជួសជុលសង្ក្រានហ្គាស និងកង្ហារពិតប្រាកដមែន ដែលកាលពីប្រមាណ៤ឆ្នាំមុនមានប្រមាណតែ៤គ្រួសារប៉ុណ្ណោះ ប៉ុន្តែពេលនេះមានរាប់សិបគ្រួសារដែលជាកូន ចៅ របស់អ្នកទាំង៤គ្រួសារនោះហើយចេះចំនាញនេះតៗគ្នាមក ៕