សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា ២០២២ ដែលទទួលបាននិទ្ទេសA។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃប្រទេសកម្ពុជាមានប្រសាសន៍ក្នុងឱកាសនោះថា កាលពីចុងឆ្នាំ២០២២កន្លងទៅ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនេះ ហើយសម្ដេចក៏បានសម្រេចលើកពេលជួយជាមួយសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A រហូតដល់ពេលនេះ ទាំងដែលលទ្ធផលប្រឡងបានចេញតាំងពីចុងខែធ្នូ ឆ្នាំ២០២២មកម្លេះ ។
សម្តេចតេជោ បន្ថែមថា ការដែលសិស្សានុសិស្សខិតខំរៀនសូត្ររហូតដល់ប្រឡងទទួលបាននិទ្ទេសA នេះ គឺជាការលើកមុខមាត់ កិត្តិយសគ្រួសារ តែទោះជាយ៉ាងណាលោកក៏ជំរុញឱ្យសិស្សដែលប្រឡងបាននិទ្ទេសA ត្រូវខិតខំរៀនសូត្របន្តផងដែរ។
សិស្សប្រឡងបាននិទ្ទេស A មួយរូប ឈ្មោះ សួន សុម៉ានិត មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា ពេលដែលចូលបន្ទប់ប្រឡងគឺមានសង្ឃឹមតែ ៧០ទៅ៨០ភាគយរយប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលទ្ធផលប្រឡងចេញមក ហើយកញ្ញាទទួលបាននិទ្ទេសA គឺពិតត្រេកអរ។ កញ្ញាបន្តថា នៅពេលដែលបានមកជួបជាមួយប្រមុខរាជរដ្ឋាភិបាលហើយ ទទួលបានការលើកទឹកចិត្តបន្ថែមទៀតនោះ គឺកាន់តែធ្វើឱ្យកញ្ញាមានកម្លាំងចិត្តក្នុងការសិក្សាបន្តថ្នាក់ឧត្តម។ខណៈដែលកំពុងចាំប្អូនចេញពីសាលប្រារព្ធពិធី លោកស្រី សួន សុម៉ានុត បានថ្លែងថា នៅពេលដែលបានដំណឹងថា ប្អូនស្រីរបស់លោកស្រីទទួលបាននិទ្ទេសA ពីការប្រឡងមធ្យមសិក្សាបាក់ឌុបនេះ គឺពិតជារំភើប និងមានមោទនភាពចំពោះប្អូនស្រី។ លោកស្រីបន្តថា លទ្ធផលដូចនេះ គឺបង្ហាញថា ប្អូនស្រីរបស់លោកស្រីពិតជាបានប្រឹងប្រែងសិក្សារយៈពេល១២ឆ្នាំកន្លងមក និងជាកូនល្អក្នុងក្រុមគ្រួសារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់ ក្នុងនោះក៏មានសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង AIS ចំនួន១៨នាក់ផងដែរ៕