ប្រជាសហគមន៍បានប្រាប់ឱ្យដឹងថា នៅពេលដែលប្រជាសហគមន៍សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត ឬចុះបង្រ្កាបម្តងៗ ជារឿយៗជនល្មើសតែងតែដឹងខ្លួនជាមុន ហើយបន្សល់ទុកនៅតែភស្តុតាងមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែដល់ពេលសហគមន៍ចុះល្បាតស្ងាត់ៗ ជារឿយៗតែងតែជួបប្រទះជនល្មើសពួនសម្ងំលួចអារឈើនិងដឹកជញ្ជូនឈើតាមគោយន្តកន្រ្តៃចេញពីព្រៃសហគមន៍ឈើទាលព្រឹសស្ទើរាល់ថ្ងៃ។ ករណីនេះប្រជាសហគមន៍សំណូមពរអភិបាលខេត្ត ស្រុក និងមន្ទីរកសិកម្មខេត្ត សូមជួយពង្រឹងដល់មន្រ្តីថ្នាក់ក្រោមឱ្យជួយទប់ស្តាត់ជនល្មើសដែលលួចអារឈើនៅក្នុងព្រៃសហគមន៍។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសឹ្ទងត្រែង បានឲ្យដឹងថា ករណីជនល្មើសកាប់ទន្រ្ទានព្រៃយកដីសហគមន៍ឈើទាលព្រឹសនេះ លោកមិនអាចលើកលែងឱ្យនោះទេ ហើយក៏មិនរៀថយក្នុងការបង្រ្កាបនោះដែរ។ លោកបន្តថា លោកនឹងជំរុញដល់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ទើបតែឡើងកាន់តំណែងថ្មី ជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ និងអាជ្ញាធរពាក់ព័ន្ធ នៅឃុំចំការលើ ឱ្យចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងការកាប់បំផ្លាញព្រៃយកដីសហគមន៍ឈើទាល់ព្រឹសទាំងនោះ បញ្ជូនខ្លួនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ជនល្មើសដែលពាក់ព័ន្ធលួចអារឈើ និងដឹកឈើតាមគោយន្តកន្រ្តៃចេញពីព្រៃសហគមន៍ឈើទាលព្រឹសនោះ លោកកំពុងស្រាវជ្រាវរកបក្ខពួក ហើយនៅពេលដែលឃាត់ខ្លួនជនល្មើសបាន លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
បើតាមប្រជាសហគមន៍ ព្រៃសហគមន៍ឈើទាលព្រឹស មានទំហំផ្ទៃដីចំនួន ៦៦៤ ហិកតា បានចុះហត្ថលេខាទទួលស្គាល់ពីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មន្ទីរកសិកម្មខេត្ត និងក្រសួងកសិកម្មផងដែរ៕