ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Dec 20, 2024 | 09:45 AM

វគ្គសិក្សាថ្មីទី៨៦ បានបើកទំព័រសករាជថ្មីដ៏អស្ចារ្យសម្រាប់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ!

គណៈកម្មាធិការ និងគណៈគ្រប់គ្រងសាលា ពិតជាមានក្តីរំភើបក្រៃលែងក្នុងការប្រកាសនូវវគ្គសិក្សាថ្មីទី៨៦ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីជួបជុំតម្រង់ទិសដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាច្រើនផ្នែកផងដែរ។​ កម្មវិធីនេះបានផ្តល់ជូននូវបរិយាកាសរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូទាំងថ្មី និងចាស់ទាំងអស់ឱ្យមានថាមពលក្នុងការបង្រៀន និងមានជំនឿចិត្តក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ បានចែករំលែកចក្ខុវិស័យដែលបំផុសគំនិត និងមានគុណតម្លៃសម្រាប់ធ្វើឱ្យការបង្រៀនពោរពេញដោយភាពច្នៃប្រឌិតខ្ពស់មានការចូលរួមយ៉ាងសកម្មជាមួយសហគមន៍ និងកំណត់នូវលទ្ធផលវិជ្ជមានសម្រាប់វគ្គសិក្សាខាងមុខនេះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការជឿទុកចិត្តពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលគឺអាស្រ័យលើការអប់រំដែលមានគុណភាពដែលផ្តល់ជូនបុត្រធីតារបស់ពួកគាត់។ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងនិងបុគ្គលិកពាក់ព័ន្ធទាំងអស់នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងខិតខំ ប្តេជ្ញាធ្វើយ៉ាងណាជួយតម្រង់ទិសឱ្យសិស្សានុសិស្សផ្តោតលើគោលដៅច្បាស់លាស់ និងគាំទ្រតាមតម្រូវការរបស់ពួកគេដើម្បីអាចបន្តការសិក្សានៅបរទេសបានជាពិសេសគឺសហរដ្ឋអាមេរិក។​

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជំនាញទន់ (soft skills) ជំនាញវិភាគ (analytical skills) ជំនាញគិតត្រិះរិះពិចារណា (criticall skills) និង ជំនាញទំនាក់ទំនងសង្គម (social interaction) គឺពិតជាចាំបាច់ខ្លាំងណាស់មិនអាចខ្វះបានដែលត្រូវដាក់បញ្ចូលក្នុងការអប់រំរបស់យើង។ ដោយផ្អែកលើសសរស្តម្ភ គុណភាព សេវាកម្ម វិន័យ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចំពោះសេវាកម្មថែទាំសុខភាពក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។​

សម្រាប់វគ្គសិក្សាថ្មីដែលនឹងចាប់ផ្តើមខាងមុខនេះ Aii មានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីបន្តផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ មានការទទួលស្គាល់ និងផ្តល់នូវអាហារូបករណ៍ដល់សិស្សានុសិស្សផងដែរ។ ជាមួយនឹងពាក្យស្លោក "មាគ៌ាទៅកាន់ពិភពលោក" ឬ "Window to the World" របស់ Aii បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃការជួយគាំទ្រអស់ពីសមត្ថភាពពីសំណាក់ លោកគ្រូ អ្នកគ្រូ និងកម្មវិធីសិក្សាដែលមានគុណភាពស្តង់ដាខ្ពស់ដែលអាចជួយរៀបចំសិស្សានុសិស្សឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតដ៏ត្រចះត្រចង់របស់ពួកគេ។