គន្លឹះជីវិត May 18, 2018 | 17:38 PM

លោកឧកញ៉ា គួច ម៉េងលី៖ ដើម្បី​ជោគ​ជ័យ​ត្រូវ​ចេះ​លើក​ទឹកចិត្ត និង​ឱ្យ​រង្វាន់​លេខ១​ដល់​ខ្លួន​ឯង​ជានិច្ច

image

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​សិស្ស​និស្សិត ស្តីពី​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង កាលពី​ពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត​គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជាអគ្គ​នាយក​ប្រតិបត្តិ នៃ ក្រុម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាន​មាន​ប្រសាសន៍​ថា ការបរា​ជ័យ​របស់​បុគ្គល​មួយ​ចំនួន ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ពួក​គេ​មិន​ចេះ​ឱ្យ​តម្លៃ​ខ្លួន​ឯង មិន​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ពិសេស​គឺ​ពួក​គេ​មិន​ចេះ​ឱ្យ​រង្វាន់​លេខ​១​ដល់ខ្លួន​ឯង។

លោក​ឧកញ៉ា បន្ត​ថា ការណ៍​ដែល​មិន​ចេះ​ផ្ដល់​តម្លៃ ឬ​លើក​ទឹក​ចិត្ត និង​ឱ្យ​លេខ​១​ដល់ខ្លួន​ឯង​នេះ​ហើយ នឹង​ធ្វើ​ឱ្យ​ជីវិត​យើង​ពោរ​ពេញ​ទៅ​ដោយ​ភាព​អស់​សង្ឃឹម សោះកក្រោះ គ្មាន​ន័យ ពេញ​ណែន​ដោយ​ទុក្ខ​កង្វល់ និង​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ យើង​ត្រូវ​ដឹងថា បើសិនជា​យើង​មិន​ចេះ​ឱ្យ​រង្វាន់​ខ្លួន​ឯង មិន​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង មិន​ចេះ​ត្រេកត្រអាល​នឹង​សមិទ្ធផល​របស់​ខ្លួន​ឯង តើ​មាន​នរណា​នឹង​មក​លើក​ទឹក​ចិត្ត និង​ផ្ដល់​តម្លៃ​ឱ្យ​យើង? តើ​មាន​នរ​ណាម​ក​ឱ្យ​យើង​លេខ​១? គឺគ្មាន​នោះ​ទេ! ដូច្នេះ​មាន​តែ​យើង​ខ្លួន​ឯង​ម្នាក់​គត់​ដែល​ត្រូវ​តែ​លើក​ទឹក​ចិត្ត និង​ឱ្យ​លេខ​១​ដល់​ខ្លួន​ឯង ព្រោះ​ការ​លើក​ទឹក​ចិត្ត និង​ការ​ដាក់​ពិន្ទុ​ឱ្យ​ខ្លួន​ឯង​លេខ​១ជានិច្ច ពិត​ជា​មាន​ប្រសិទ្ធភាព និង​សក្តានុពល​ខ្លាំង​ណាស់ ក្នុង​ការ​ធ្វើ​ឱ្យ​យើង​មាន​ថាមវន្ត​ដ៏​មហិមា ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​អ្វី​មួយ។

លោក​ឧកញ៉ា បញ្ជា​ក់ថា ទន្ទឹម​នឹង​ការ​ឱ្យ​តម្លៃ និង​ឱ្យ​រង្វាន់​លេខ​១​ដល់​ខ្លួន​ឯង យើង​ក៏​មិន​គួរ​មាន​អំនួតហួស​ហេតុ ឬ​លើក​តម្លៃ​ខ្លួន​ឯង​កប់ពពក​ទាំង​ងងឹតងងុល រហូត​ដល់​ថ្នាក់​គិត​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ក៏​ត្រូវ ខ្លួន​ឯង​ជាអាទិទេព ខ្លួន​ឯង​មហា​អស្ចារ្យ ធ្វើ​អ្វី​ក៏​ល្អ​ឥតខ្ចោះ​នោះ​ដែរ ព្រោះ​បើ​យើង​ជា​មនុស្ស​ស្ថិត​ក្នុង​ជំពូក​នេះ យើង​ច្បាស់​ជាបរា​ជ័យ​មិន​ខាន​ឡើយ។ ព្រោះ​បើ​យើង​មាន​មោទនភាពលើ​ខ្លួន​ឯង​ជ្រុល ដោយ​គិត​ថា​ខ្លួន​ឯង​ល្អ​ឥតខ្ចោះ​គ្រប់​យ៉ាង នោះ​យើង​ប្រាកដ​ជា​មិន​អាច​កែប្រែ​ចំណុច​ខ្សោយ ឬ​ចំណុច​ខ្វះខាត​ខ្លួន​ឯង​បាន៕