ប្រធានក្រុមម៉ុងសាយច្បារអំពៅ ក្រុម៤ លោក សុខ ឧត្តម បានប្រាប់ MJQTV ថា ជាទូទៅសមាជិកក្រុមរបស់លោកចាប់ផ្ដើមប្រមូលគ្នាហ្វឹកហាត់ចាប់ពីខែកញ្ញាមក ដើម្បីត្រៀមទទួលពិធីបែបចិនផ្សេងដែលគេជួលទៅសម្ដែង។តែទោះជាយ៉ាងណាលោកថា រដូវកាលដែលត្រូវសម្ដែងច្រើនគឺក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ព្រោះថា មានភ្ញៀវបានមកអញ្ជើញឱ្យទៅជាបន្តបន្ទាប់មិនថាមុន ឬក្រោយថ្ងៃចូលឆ្នាំចិន-វៀតណាមនោះទេ។ លោកបន្តថា សមាជិករបស់លោកហាត់ជារៀងរាល់ថ្ងៃតែហាត់រយៈខ្លីពោលគឺរយៈពេល១ម៉ោងនៅពេលល្ងាចប៉ុណ្ណោះ ពោលគឺបន្ទាប់ពីចប់ការងារចិញ្ចឹមជីវិត។ លោកឱ្យដឹងទៀតថា ក្រុមរបស់លោក គឺអាចចេញសម្ដែងទៅទូទាំងប្រទេសឱ្យតែមានអ្នកអញ្ជើញ ព្រោះក្រុមរបស់លោកមានបានស្នើសុំតាមផ្លូវច្បាប់ត្រឹមត្រូវ។
ចំពោះគ្រោះថ្នាក់ពេលហ្វឹកហាត់និងសម្ដែងវិញ លោក សុខ ឧត្តម បញ្ជាក់ថា គឺមានតិចតួចបំផុតពោលគឺមានតែពេលហ្វឹកហាត់ដែលថា នៅពេលដែលចេញសម្ដែងគឺត្រូវប្រាកដថា មិនមានការគ្រោះថ្នាក់ ឬខុសបច្ចេកទេស។ តែទោះជាយ៉ាងណាលោកបញ្ជាក់ថា ពេលដែលមានគ្រោះថ្នាក់មិនដែលដល់ថ្នាក់ស្លាប់នោះទេ គឺមានត្រឹមតែរបួសបន្តិចបន្តួចប៉ុណ្ណោះ។តែទោះយ៉ាងណា លោក សុខ ឧត្តម មិនបានបញ្ជាក់ថា ទទួលបានប្រាក់ប៉ុន្មាន ដោយគ្រាន់តែឱ្យដឹងថា គឺទទួលបានសមរម្យបើធៀបជាមួយកម្លាំង និងពេលវេលាដែលហ្វឹកហាត់ និងសម្ដែង។
បើតាមលោក សុខ ឧត្តម ក្រុមម៉ុងសាយ ច្បារអំពៅ៤នេះបានហ្វឹកហាត់៣ជំនាន់មកហើយ គឺតាំងជំនាន់គ្រូតា និង លោកគ្រូរបស់លោក និងលោកដែលកំពុងដឹកនាំហ្វឹកហាត់។
យោងតាមឯកសារដែលចងក្រងដោយរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ប្រភពដើមនៃរបាំសត្វតោ ឬម៉ុងសាយនេះ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឱ្យទុកចិត្តបំផុតគឺ ក្នុងវប្បធម៌ ប្រពៃណីចិន សត្វតោ គឺប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោនៅក្នុងប្រទេសចិនឡើយ។ នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិះសករាជ ដល់២២០ក្រោយគ្រិះសករាជ) មានសត្វតោប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិចប្រទេសចិនបុរាណដោយសារតែការធ្វើជំនួញសូត្រ។ នៅពេលនោះមនុស្សបានធ្វើត្រាប់តាមរូបរាង និងសកម្មភាពនៃសត្វតោ ដែលទើបមកដល់ថ្មីៗ នៅក្នុងការសម្ដែងរហូតបង្កើតបានជារបាំសត្វតោ នៅក្នុងសម័យកាលនគរទាំង៣ (២២០-២៨០) ។ ក្រោយមកវាបានក្លាយជាការពេញនិយមនៅក្នុងសម័យរាជវង្សខាងជើង និងខាងត្បូង (៤២០-៥៨៩)។ រហូតដល់សម័យរាជវង្សថាង (៦១៨-៩០៧) របាំតោបានក្លាយជារបាំមួយក្នុងសាលរាំ៕