គន្លឹះជីវិត Apr 21, 2021 | 17:48 PM

មុន​ពេល​គេ​សម្លាប់​សូ​ក្រាត​ ​សូ​ក្រាត​បាន​ផ្ដែផ្ដាំ​ប្រពន្ធ​នូវ​បណ្ដាំមួយ​ដែល​ពេញដោយ​អត្ថន័យ​

image

​ពេលនេះ​អ្នកយាម​ទ្វារ​គុក​បាន​ស្រាយ​ច្រ​វ៉ា​ក់​ដែល​ចង​ជើង​ចេញ​ ​ហើយ​គេ​បាន​អនុញ្ញាត​ឱ្យ​នាង​ ​សង់​ទីប​ ​ភរិយា​របស់​គាត់​ចូល​ទៅ​ជួប​ទល់មុខ​ ​ដើម្បី​ពោល​ពាក្យ​លាគ្នា​ជា​ចុងក្រោយបង្អស់​។​ ​ពេល​ដែល​ប្រពន្ធគាត់​ចូល​ទៅដល់​នោះ​ ​សូ​ក្រាត​ស្ទុះ​មកកាន់​ដៃ​ប្រពន្ធគាត់​ ​ហើយ​និយាយ​ផ្ដាំ​ថា​ :

​ប្រពន្ធ​ជាទី​ស្រលាញ់​! ​ថ្ងៃនេះ​បង​លា​អូន​ហើយ​! ​បង​លា​អូន​ ​គឺ​លា​ទៅ​រហូត​។​ ​ផែនដី​ប្រទេស​ក្រិ​ច​លែង​ទទួលស្គាល់​រូប​បង​ហើយ​។​ ​បង​មិន​ចង់​បែក​ពី​អូន​ទេ​ ​តែ​នេះ​គឺ​ច្បាប់​អយុត្តិធម៌​បង្ខំ​ឱ្យ​បង​បែក​។​ ​បង​លា​អូន​ដោយ​ដឹកនាំ​គ្រប់​អនុ​ស្សា​វ​រី​យ៍​ទៅ​ជាមួយ​។​

​អូន​អើយ​! ​កុំ​យំសោក​អី​! ​ពិភពលោក​ទាំងមូល​គ្មានអ្វី​ជា​ជម្រក​ពិតប្រាកដ​ឡើយ​ ​គឺ​គ្រាន់តែ​ជា​ខ្ញុំកញ្ជះ​របស់​វាល​វដ្ដសង្សារ​ប៉ុណ្ណោះ​។​ ​ព្រះអាទិត្យ​រះ​ឡើង​ហើយ​រមែង​លិច​ទៅវិញ​ ​ឯ​ជីវិត​តែ​កើត​ហើយក៏​ត្រូវ​រលត់​រលាយ​ទៅវិញ​ជា​ធម្មតា​ដែរ​។​ ​នេះ​ជា​ច្បាប់ធម្មជាតិ​ណ៎ា​អូន​!

​ពិភពលោក​នេះ​ប្រៀប​ដូចដើម​ឈើ​ដែល​មានតែ​សម្បក​ឥត​ខ្លឹម​លាយឡំ​ទៅ​ដោយ​ទុក្ខវេទនា​គ្រប់​បែក​យ៉ាង​។​ ​ជីវិត​យើង​គេ​ទាំងអស់គ្នា​គ្មាន​តម្លៃ​អ្វី​ទេ​។​ ​ជីវិត​នេះ​រស់នៅ​ក្នុង​ការ​ខ្វាក់​ ​ច្រឡំ​ហើយ​ចាញ់បោក​ការ​ស្លាប់​ជា​រៀងរាល់​រូប​។​

​អូន​ត្រូវ​ចាំ​ថា​ ​បង​ស្លាប់​ទៅ​នេះ​ ​គឺ​ជាការល្អ​ប្រសើរ​របស់​បង​ទៅវិញ​ទេ​! ​បង​ធ្លាប់​និយាយប្រាប់​អូន​ជា​ញឹកញាប់​ថា​ “​សេចក្ដី​ស្លាប់​ជា​សេចក្ដី​សុខ​”​។​ ​ចំណែក​រូប​បង​ ​បង​មានការ​ព្រួយ​ចំពោះ​ជីវិត​អូន​ដែល​កំពុង​រស់នៅ​ដែល​ព័ទ្ធជុំវិញ​ទៅ​ដោយ​ឧបសគ្គ​ ​និង​ចំណង​កម្ម​ចំណង​ពៀរ​គ្រប់បែបយ៉ាង​។​ ​តស៊ូ​ទៅ​អូន​! ​ទម្រាំ​ដល់​ថ្ងៃ​ផុត​ទុក្ខ​! ​បង​អស់​មាន​សមត្ថភាព​នឹង​នៅ​ឃុំគ្រង​អូន​ទៀតហើយ​។​ ​សូម​អូន​រក្សា​កូន​ឱ្យ​បាន​ល្អ​ចប់ចុងចប់ដើម​។​ ​កុំ​ធ្វើបាប​វា​។​ ​បើ​វា​ខុសត្រូវ​ប្រដៅតម្រង់​វា​ទៅ​!

​ចុងក្រោយបំផុត​នៃ​ពាក្យពេចន៍​របស់​បង​ ​គឺ​បង​សុំ​ផ្ដាំ​ជាចាំបាច់​ថា​ “​អូន​អើយ​! ​របស់​ឬអ្វី​ៗ​ដែល​មនុស្សលោក​ដណ្ដើម​គ្នា​ចង់បាន​ ​គឺ​អូន​ត្រូវ​គេ​ចចេញ​ឱ្យ​ឆ្ងាយ​ ​កុំ​ចង់បាន​តាម​គេ​ឱ្យ​សោះ​។​ ​អូន​ត្រូវ​លះបង់​របស់​ទាំងអស់​នោះ​ឱ្យ​ដាច់​ស្រឡះ​ ​ពីព្រោះ​របស់​អស់ទាំង​នោះ​ហើយ​ ​ដែល​នាំ​ឱ្យ​មនុស្សលោក​ភ្លេច​នូវ​អំពើល្អ​ ​ធ្វើ​ឱ្យ​មនុស្ស​វង្វេង​ភ្លេច​គិតដល់​សេចក្ដី​អាណិតអាសូរ​ ​ភ្លេច​អស់​នូវ​មេត្តាធម៌​ ​ហើយ​របស់​ទាំងនោះ​ធ្វើ​ឱ្យ​មនុស្ស​ភូត​កុហក​ ​បាត់​សច្ច​ភាព​ ​ក្លាយ​ខ្លួន​ទៅជា​អ្នក​អួតអាង​ ​ភ្លើតភ្លើន​ ​ភ្លេច​ទាំង​សេចក្ដី​ស្លាប់​ ​ដោយ​នឹកស្មាន​ថា​គេ​មិន​ងាប់​សោះ​។​ ​របស់​ដែល​បង​ចង់​ឱ្យ​អូន​បាន​វិញ​នោះ​គឺ​ “​អំពើល្អ​” ​ពីព្រោះ​អំពើល្អ​នេះ​ជា​រូបភាព​មិន​ចេះ​បាត់បង់​ឡើយ​ណ៎ា​អូន​។​ ​អំពើល្អ​ ​កេរ្តិ៍ឈ្មោះ​ល្អ​ ​ការប្រព្រឹត្ត​ល្អ​នេះ​ហើយ​ ​ជា​ផ្លូវ​ដែល​អូន​ត្រូវ​ដើរទៅ​រក​ ​ហើយ​បើ​ឃើញ​នៅ​ទីណា​ត្រូវ​អូន​ប្រញាប់ប្រញាល់​ ​ស្រវាស្រទេញ​ ​រើស​ទុក​ ​ឬ​ចាប់​ទុក​ឱ្យ​បាន​ណ៎ា​អូន​ណ៎ា!!! ​អ្វី​ដែល​មិនមែន​ជា​អំពើល្អ​ទេ​ ​ត្រូវ​អូន​កាត់ចិត្ត​ឱ្យ​ស្រឡះ​ ​លះ​ឱ្យ​ឆ្ងាយ​កុំ​ស្ដាយ​កុំ​ស្រណោះ​ឱ្យ​សោះ​។​ ​អូន​អើយ​! ​តាំងពី​ថ្ងៃ​បង​កើតមក​ ​បង​ឮ​តែ​គេ​សរសើរ​ចំពោះតែ​នរណា​ដែល​ចេះ​ធ្វើល្អ​! ​អូន​ត្រូវ​ចាំ​ឱ្យ​ជាក់​ថា​ “​អំពើល្អ​ជា​មាតាបិតា​នៃ​ជីវិត​មនុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក​ដ៏​ធំធេង​នេះ​”​។​

​ណ្ហើយ​ចុះ​អូន​! ​បង​និយាយ​មកនេះ​ក៏​ល្មម​អូន​ស្ដាប់បាន​ដែរ​។​ ​បង​សុំ​បញ្ចប់​ត្រឹមនេះ​ចុះ​ ​ដើម្បី​យក​ខ្លួន​របស់​បង​ទៅ​បំពេញ​ឱ្យ​ទាន់ចិត្ត​នៃ​ច្បាប់​អយុត្តិធម៌​។​ ​ច្បាប់​អយុត្តិធម៌​កំពុង​ឈរ​សម្លឹង​មើល​មក​បង​ហើយ​! ​វា​ធុញទ្រាន់​នឹង​រូប​បង​ណាស់​។​ ​ជាតិ​នេះ​ ​យើង​អស់​ជួបគ្នា​ហើយ​! ​ចាំជាតិ​មុខ​ជាតិក្រោយ​យើង​តាម​ជួបគ្នា​ទៀត​!

​សូ​ក្រាត​ទើប​តែ​ពោល​មកដល់​ត្រឹមនេះ​ ​ឆ្មាំទ្វារ​គុក​កាន់​កែវ​ថ្នាំពុល​ចូល​មកដល់​ ​ហើយ​អង្គុយ​ចាំ​នៅក្បែរ​នោះ​។​

(​សុខ​ សុត្ថា​ល​, ​មហា​ទស្សនវិទូ​ ​និង​ទស្សនវិជ្ជា​ក្នុង​លោក​, ​ភាគ​១​, ​១​៩​៧​១​, ​ទំ​. ​៧​៤​-​៧​៧​)