ការធ្វើសំបកណែមលក់ គឺជារបរតពីដូនតាមួយជំនាន់ទៅមួយជំនាន់របស់អ្នកភូមិដូនទាវនៃខេត្តបាត់ដំបង។ តាមការប្រាប់របស់អ្នកភូមិ បានឱ្យដឹងថា «នៅក្នុងខេត្តបាត់ដំបង មានតែអ្នកភូមិដូនទាវទេ ដែលផលិតសំបកណែម ហើយវាមានរយៈកាលជាង១០០ឆ្នាំហើយ។ កាលមុន យើងមិនត្រឹមតែលក់នៅក្នុងស្រុកទេ គឺមានថៅកែម្នាក់នៅផ្សារបាត់ដំបង គាត់មានឡានចាស់មួយទិញសំបកណែមពីអ្នកភូមិយកទៅលក់ឱ្យខាងថៃ វៀតណាម និងឡាវ»។
ចំណេរក្រោយមក ការផលិតសំបកណែមនេះត្រូវបានខកខានផលិតនៅក្នុងសម័យប៉ុលពត ហើយទើបចាប់ផ្តើមឡើងវិញនៅខ្ទង់ឆ្នាំ១៩៨០ ដែលមានប្រហែល៨០គ្រួសារបានចាប់ផ្តើមធ្វើរបរនេះឡើងវិញ។ មុខរបរធ្វើសំបកណែមលក់នេះ គឺវានឿយហត់បន្តិច ដោយយើងត្រូវក្រោកធ្វើតាំងពី៤ឬ៥ព្រឹក ទម្រាំចប់សព្វគ្រប់គឺដល់ម៉ោង៩យប់។ មិនតែប៉ុណ្ណោះត្រូវការកម្លាំងជួយយ៉ាងតិច៣នាក់ គឺអ្នកចាក់ អ្នកហាល និងអ្នកសាសំបកទុក។
ការធ្វើសំបកណែម អំណោយផលសម្រាប់តែរដូវប្រាំងទេ ព្រោះមានថ្ងៃហាល បើនៅរដូវវស្សាគឺពិបាកធ្វើ ព្រោះមេឃភ្លៀង ខ្វះពន្លឺថ្ងៃ មិនអាចហាលសំបកណែមបាន នាំឱ្យខ្វះខាតសំបកណែមលក់នៅលើទីផ្សារ។
បើទោះបីបច្ចុប្បន្នសំបកណែមក្នុងស្រុក ត្រូវប្រឈមនឹងការនាំចូលពីខាងក្រៅមកដែរ គឺនៅខាងវៀតណាម ប៉ុន្តែសំបកណែមខ្មែរ មានការនិយមច្រើនដដែល ព្រោះវាស្រួលមូរ មិនថាណែមឆៅឬធ្វើណែមចៀន ហើយញាំមិនខូចខូចសុខភាព ដោយសារវាធ្វើពីអង្ករ។ វាខុសពីសំបកណែមនាំចូលពីវៀតណាម វារាងរឹង វារស់ ពិបាកមូរ ហើយពេលខ្លះត្រូវការប្រើទឹកក្តៅជំនួយផង។
បើទោះបីថារបរនេះត្រូវចំណាយច្រើន មិនសូវបានផលចំណេញ តែជាមុខរបរមួយងាយស្រួល បានជួយគ្រួសារឱ្យមានជីវភាពល្អ ប្រជាជនមានការងារធ្វើ មិនបាច់ចំណាកស្រុកទៅឆ្ងាយ។ យើងអាចធ្វើនៅផ្ទះបាន ហើយអាចមើលថែទាំផ្ទះ ដាំបន្លែបង្កាថែម នៅជួបជុំកូនចៅ មើលថែក្រុមគ្រួសារ។ យើងមានម៉ូយនៅផ្សារស្រាប់ ធ្វើបានយកទៅឱ្យម៉ូយជាការស្រេច។ ជួនកាលយើងក៏អាចលក់បាននៅផ្ទះបានដែរ ពេលមានទេសចរមកដើរលេងនៅក្នុងតំបន់នេះ៕
អត្ថបទនិងរូបភាព៖ ហ៊ីង ស្រីរ័ត្ន