លោក កុល វិរៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលើកឡើងដូច្នេះក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តចំនួន៤រូបក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
លោក កុល វិរៈ បានលើកឡើងថា ក្នុងតួនាទីជាថ្នាក់ដឹកនាំមិនអាចធ្វើកិច្ចការងារតែម្នាក់ឯងបាននោះទេ គឺត្រូវប្រគល់ការងារខ្លះទៅមន្ត្រីថ្នាក់ក្រោមដើម្បីជួយការងារតាមតួនាទីនិងជំនាញ ជាមួយគ្នានេះមន្ត្រីថ្នាក់ក្រោមគឺទាមទារឱ្យមានចំណេះជំនាញច្បាស់លាស់។ ហើយដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមអាចបំពេញការងារប្រកបដោយប្រសិទ្ធិភាពលុះត្រាតែពួកគាត់ចេះគ្រប់កិច្ចការងារទាំងអស់ដែលជាភារកិច្ចតួនាទីរាជរដ្ឋាភិបាលប្រគល់ឱ្យ ។
លោកបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវបញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱ្យធ្វើនូវរាល់ការងារដែលដាក់ឱ្យ ប្រសិនការងារនោះមិនទទួលបានលទ្ធផលល្អប្រសើរថ្នាក់ដឹកនាំក៏ត្រូវអប់រំ ទូន្មាន បណ្តុះបណ្តាលបន្ថែម ហើយក៏ត្រូវមានការលើកទឹកចិត្តនូវពេលដែលមន្ត្រីថ្នាក់ក្រោមនោះធ្វើបានផងដែរ៕
អត្ថបទ៖ BSB