គន្លឹះជីវិត Jul 23, 2021 | 13:27 PM

ព្រះគ្រូរតនមុនីឧត្តម សាម សំបូរ៖ ក្នុងបរិបទកូវីដ-១៩ ពុទ្ធបរិស័ទគួររក្សាផ្លូវខាងក្រៅ និងខាងក្នុងឱ្យបានល្អ

image

​ចាប់តាំង​ពី​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រជាជន​កម្ពុជា​ ​ក៏​ដូច​ប្រជាជន​នៅ​លើ​ពិភពលោក​ ​ភាគច្រើន​បាន​ជួប​នូវ​វិបត្តិ​ ​និង​ឧបសគ្គ​ផ្សេងៗ​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​ ​រាល់​ជួប​នូវ​វិបត្តិ​ ​និង​ឧបសគ្គ​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​មាន​បញ្ហា​ផ្លូវចិត្ត​ ​ហើយ​ខ្លះទៀត​កើត​ស្ត្រេ​ស​រហូត​ឈាន​ធ្វើ​អត្តឃាត​ខ្លួន​ទៀត​ក៏មាន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវចិត្ត​ ​និង​កើតឡើង​នូវ​ជំងឺ​ស្ត្រេ​ស​នៅ​ក្នុងកំលុង​ផ្ទុះឡើង​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​បែប​នេះ​ ​បើ​តាម​ព្រះ​គ្រូ​រត​ន​មុនី​ឧត្តម​ ​សា​ម​ ​សំបូរ​ ​ជំនួយ​ការ​ផ្ទាល់​សម្តេច​ព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ​ន​ន្ទ ​ង៉ែត​ ​សម្តេច​ព្រះសង្ឃនាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​មាន​សង្ឃដីកា​ប្រាប់​ដល់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ដូច្នេះ​ថា​ ​«​ជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​រីក​រាលដាល​បែប​នេះ​ ​ពុទ្ធបរិស័ទ​គួរតែ​បង្កើន​ស្មារតី​ឱ្យ​រឹង​មាំ​កុំ​ភ័យ​ស្លន់ស្លោ​រហូត​បាត់​ម្ចាស់ការ​លើ​ខ្លួនឯង​ ​គឺ​មិន​ប្រសើរ​ឡើយ​។​

​ព្រះ​គ្រូ​រត​ន​មុនី​ឧត្តម​ ​សា​ម​ ​សំបូរ​ ​សង្ឃដីកា​បន្ត​ថា​ ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ ​ពេលនេះ​ ​ពុទ្ធបរិស័ទ​ត្រូវតែ​រក្សា​នូវ​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​ (​ផ្លូវ​ខាងក្រៅ​ ​និង​ផ្លូវ​ខាងក្នុង​)​។​

​ចំពោះ​ការ​រក្សា​ផ្លូវ​ខាងក្រៅ​ ​ជំនួយ​ការ​ផ្ទាល់​សម្តេច​ព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ​ន​ន្ទ ​ង៉ែត​ ​សម្តេច​ព្រះសង្ឃនាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដដែល​ពន្យល់​ថា​ ​គួរ​កុំ​មើល​ឬ​ស្តាប់​ព័ត៌មាន​ច្រើនពេក​ ​តែ​បើ​មើល​ ​ឬ​ស្តាប់​ព័ត៌មាន​ ​គឺ​ត្រូវ​តាមដាន​ព័ត៌មាន​ពិត​និង​ច្បាស់លាស់​ដែល​អាច​ទុកចិត្ត​បាន​ ​ជាពិសេស​ ​ត្រូវ​ធ្វើការងារ​ណា​ដែល​មានប្រយោជន៍​ពាក់ព័ន្ធ​នឹង​តួនាទី​ប្រចាំថ្ងៃ​ ​ឬ​ការងារ​ផ្ទាល់ខ្លួន​ ​ហើយ​នៅ​ពេលទំនេរ​ពី​កិច្ចការ​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ ​ដើម្បី​សុខភាព​ ​និង​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​កំពុង​គិត​អ្វី​ផ្តេសផ្តាស​។​

​ដោយឡែក​ការ​រក្សា​ផ្លូវ​ខាងក្នុង​ ​ព្រះសង្ឃ​អង្គ​ដដែល​បាន​សង្កត់ធ្ងន់​ថា​ ​ត្រូវ​តាំង​សតិ​ឱ្យ​រឹង​មាំ​កុំ​តក់ស្លុត​ជាមួយនឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខ្លាំងពេក​ដែល​ជាហេតុ​ធ្វើ​ឱ្យ​សម្រាន្ត​មិន​លក់​ ​និង​គិត​ច្រើន​។​

​តេជគុណ​អះអាង​ថា​៖​ ​«​ប្រសិនបើ​អាច​ធ្វើ​សមាធិ​អប់រំ​ចិត្តបាន​រឹត​តែ​ប្រសើរ​ ​ដើម្បី​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់រំងាប់​អារម្មណ៍​មិន​ល្អ​ផ្សេងៗ​ដែល​គិត​កន្លងមក​។​ ​ក្រៅពី​នេះ​ ​ត្រូវ​ពិចារណា​និង​ចម្រើន​នៅ​មរណានុស្សតិ​(​សេចក្តី​ស្លាប់​ជារឿយៗ​)​ដោយ​ត្រូវ​គិតថា​ ​ការ​កើត​ ​ចាស់​ ​ឈឺ​ ​ស្លាប់​ ​ជា​ច្បាប់​នៃ​ធម្មជាតិ​ដែល​ត្រូវតែ​ទទួល​»​។​

​ព្រះ​គ្រូ​រត​ន​មុនី​ឧត្តម​ ​សា​ម​ ​សំបូរ​ ​បន្ត​ថា​៖​ ​«​ប្រសិនបើ​មាន​ពេល​គួរ​សូត្រធម៌​ថ្វាយបង្គំព្រះ​រតនត្រ័យ​យកគុណ​ ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ជា​ទីពឹង​ឬក៏​ពិចារណា​នៅ​បុណ្យកុសល​ដែល​ខ្លួន​បាន​កសាង​សេចក្តី​ល្អ​កន្លងមក​ក្នុង​សង្គមជាតិ​ ​និង​សាសនា​ ​ហើយ​ត្រូវ​តាំងចិត្ត​ថា​អ្វីៗ​នឹង​ប្រ​សើ​ឡើងវិញ​ក្នុង​ពេល​ខាងមុខ​»​ ​។​

​ចំពោះ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ថា​ ​នៅ​ក្នុង​កាលៈទេសៈ​នេះ​ពិតជា​លំបាក​ទាំង​បព្វជិត​ ​និង​គ្រហស្ថ​ ​ហើយ​សូម្បីតែ​រាជរដ្ឋាភិបាល​ក៏​រឹត​តែ​លំបាក​ ​និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ ​ដែល​ខិតខំ​រក​មធ្យោបាយ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​។​

​ជាមួយគ្នា​នេះ​ ​ព្រះ​គ្រូ​រត​ន​មុនី​ឧត្តម​ ​សា​ម​ ​សំបូរ​ ​ក៏បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​មេត្តា​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ ​ហើយ​រស់នៅ​ឱ្យ​មាន​អនាម័យ​ល្អ​ ​ជាពិសេស​ ​ត្រូវ​ចូលរួម​គោរព​នូវ​វិធានការ​ណ៍​របស់​រាជរដ្ឋាភិបាល​ ​និង​ក្រសួងសុខាភិបាល​ ​ដោយ​អនុវត្ត​៣​កុំ​ ​និង​ ​៣​ការពារ​ ឱ្យ​បាន​គ្រប់​អង្គនា​ក់​។​

​គិត​ត្រឹម​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​សរុប​កើន​ដល់​ ​៧​១​ ​២​៤​៤​នាក់​ ​ខណៈ​ជាសះស្បើយ​សរុប​ចំនួន​ ​៦​៣​ ​៤​៧​៤​នាក់​ ​និង​ស្លាប់​កើន​ឡើង​ដល់​ ​១​ ​២​២​២​នាក់​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​។​

​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចាត់វិធានការ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​បំប្លែង​ថ្មី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ងាយ​ឆ្លង​ ​និង​គ្រោះថ្នាក់​ជាង​វី​រុ​ស​ដើម​ផង​ដែរ​។​ ​ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​ចេញ​សេចក្ដី​សម្រេច​លេខ​៣​៥​២​ស​ខ​ល​ ​តែងតាំង​សមាសភាព​នៃ​រចនាសម្ពន្ធ​ចំណុះ​អនុ​គណៈកម្មការ​គ្រប់គ្រង​ច្រក​ទ្វារ​ចេញចូល​ប្រទេស​ ​និង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដល់​មន្ត្រី​កំពូល​ៗ​ជាច្រើន​រូប​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ក៏បាន​ចាត់តាំង​ក្រុម​ការងារ​សម្របសម្រួល​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ (​ព្រះវិហារ​ ​ឧត្តរមានជ័យ​ ​បន្ទាយ​មានជ័យ​ ​បាត់​ដំបង​ ​ប៉ៃលិន​ ​ពោធិ៍សាត់​ ​និង​កោះ​កុង​) ​ចំនួន​២​៣​រូប​ ​និង​មន្ត្រី​សម្របសម្រួល​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​និង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​ (​កំពត​ ​កែប​ ​តាកែវ​ ​កណ្ដាល​ ​ព្រៃវែង​ ​ស្វាយរៀង​ ​ត្បូងឃ្មុំ​ ​ក្រចេះ​ ​មណ្ឌលគិរី​ ​រតនគិរី​ ​និង​ស្ទឹង​ត្រែង​) ​ចំនួន​២​៣​រូប​ ​ព្រមទាំង​ចាត់តាំង​ក្រុម​ការងារ​បច្ចេកទេស​ ​និង​ប្រឹក្សា​យោបល់​ ​ចំនួន​៨​រូប​ ​៕​