ពីវ័យកុមាររហូតដល់វ័យជំទង់ ខួរក្បាលមិនឈប់អភិវឌ្ឍទេ។ វាកំពុងរៀបចំ និងពង្រឹងទំនាក់ទំនងរវាងកោសិកាប្រសាទ ដើម្បីឱ្យការគិត និងការរៀនសូត្រកាន់តែមានប្រសិទ្ធភាព។
ទំនាក់ទំនងរវាងកោសិកាប្រសាទដែលកូនប្រើប្រាស់ញឹកញាប់ នឹងត្រូវបានពង្រឹង ខណៈទំនាក់ទំនងដែលមិនសូវត្រូវបានប្រើប្រាស់ អាចត្រូវបានកាត់បន្ថយ។
នៅពេលឈានចូលវ័យជំទង់ តំបន់ខួរក្បាលដែលពាក់ព័ន្ធនឹងអារម្មណ៍ ការលើកទឹកចិត្ត ការស្វែងរករង្វាន់ និងភាពសប្បាយរីករាយ ក៏មានការផ្លាស់ប្តូរផងដែរ។
ចំណែកផ្នែកខាងមុខនៃខួរក្បាល ដែលជួយយើងក្នុងការរៀបចំផែនការ សម្រេចចិត្ត និងគ្រប់គ្រងខ្លួនឯង នៅតែបន្តអភិវឌ្ឍមិនទាន់បានពេញលេញ។ ដូច្នេះ ក្មេងជំទង់ខ្លះអាចមានទំនោរសាកល្បងអ្វីថ្មីៗ ឬយកចិត្តទុកដាក់លើការទទួលស្គាល់ពីមិត្តភក្តិជាងមុន។
ប៉ុន្តែដំណាក់កាលនេះក៏ជាពេលដ៏ល្អសម្រាប់ការរៀន និងការអភិវឌ្ឍជំនាញថ្មីៗផងដែរ។
ដូច្នេះ មាតាបិតាអាចជួយកូនដោយ ផ្តល់ការណែនាំ បង្កើតទម្លាប់ល្អ ឱ្យកូនគេងបានគ្រប់គ្រាន់ និងបើកចំហក្នុងការសន្ទនា។ ការយល់ពីការផ្លាស់ប្តូររបស់ខួរក្បាល អាចជួយឱ្យយើងយល់ និងគាំទ្រកូនបានកាន់តែល្អ។