នៅក្នុងឯកសារ ដែលមានចំណងជើងថា «ខុងជឺ ស្តេចគ្មានបាល្ល័ង្គ» ចេញផ្សាយដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីឆ្នាំ២០១២ បានបង្ហាញពីទស្សនៈរបស់លោកថា រាល់ការផាកពិន័យយកមកគ្រប់គ្រងសកម្មភាពប្រជាជន នោះប្រជាជន គឺមានតែសុំរួចទុក្ខរួចទោសដោយគ្មានភាពអៀនខ្មាសតែប៉ុណ្ណោះ។ តែអ្វីដែលគួរនោះ គឺត្រូវយកសីលធម៌មកណែនាំដល់ប្រជាជនប្រកបដោយសុជីវធម៌ ដើម្បីគ្រប់គ្រងសកម្មភាពប្រជាជន នោះប្រជាជននឹងមានការអៀនខ្មាសនឹងដើរតាមសច្ចធម៌ជាមិនខាន។
ក្នុងឯកសារដដែលបានបញ្ជាក់ថា ខុងជឺ បានណែនាំរដ្ឋាភិបាល និងមន្ត្រីខ្លួនយ៉ាងច្បាស់ថា រាល់ការយកសីលធម៌ ដើម្បីគ្រប់គ្រងនយោបាយ គឺប្រៀបដូចជាពន្លឺព្រះចន្ទនាថ្ងៃពេញបូរមីអ៊ីចឹង តែបើយកនយោបាយទៅគ្រប់គ្រងសីលធម៌ប្រៀបដូចជាពន្លឺតារាមួយដួងដូច្នេះដែរ។
ក្នុងនោះបញ្ជាក់ថា កំហុសរបស់អ្នកដឹកនាំ គឺប្រៀបដូចជាសូរ្យគ្រាស និងចន្ទគ្រាស ដែលប្រជាជនមានការចាប់អារម្មណ៍ខ្លាំងដូច្នេះដែរ។ ខុង ជឺ បានពន្យល់ថា អ្នកដឹកនាំត្រូវប្រុងប្រយ័ត្ន និងចៀសវាងរាល់កំហុស ទោះតូចតាចក្ដី ព្រោះរាល់កំហុសរបស់អ្នកដឹកនាំ អាចបង្កទៅជាវិនាសដល់សង្គមជាតិ និងធ្វើឱ្យអ្នកដទៃជួបហានិភ័យទាំងបច្ចុប្បន្ន និងអនាគតផងដែរ។ ជារួម ប្រជាជននឹងគាំទ្ររដ្ឋាភិបាល និងគោរពអ្នកដឹកនាំរូបណាដែលលើកតម្កើងមន្រ្តីស្មោះត្រង់ ហើយដាក់ទោសមន្រ្តីពុករលួយ ខិលខូច។
បិតាទស្សនវិជ្ជារូបនេះ បានបន្តអះអាងថា មន្រ្តីដែលខំបម្រើការងារដោយយុត្តិធម៌ និងសមធម៌ នោះសាកសមមានតួនាទីជាមន្ត្រី និងទទួលបានបៀវត្សប្រកបដោយភាពថ្លៃថ្នូរ ផ្ទុយទៅវិញ បើមន្រ្តីនោះរស់នៅក្នុងភាពខ្មាសអៀន ដែលទទួលប្រាក់បៀវត្ស តែមិនបំពេញការងារ ឬបំពេញការងារដោយអយុត្តិធម៌ពុករលួយ គឺរស់នៅដោយគ្មានភាពថ្លៃថ្នូរ នោះគឺរស់នាំតែចង្អៀតផែនដីដែលសង្គមស្អប់ខ្ពើមតែប៉ុណ្ណោះ។ លើសពីនេះ បើមន្ត្រីណាមួយសម្លាប់ប្រជាជនដោយមិនបង្ហាញពីទោស ឬសម្លាប់នៅក្រៅច្បាប់ មន្ត្រីនោះគឺចិត្តព្រៃផ្សៃបំផុត។ ការសម្រេចរឿងក្តី ដោយមិនបានស្វែងរកអង្គហេតុ គឺជាអំពើជិះជាន់បំផុត ដែលមិនសាមសមមានងារជាមន្ត្រីសោះឡើយ។ ដោយឡែកបើទទួលយកប្រាក់បៀវត្ស តែមិនបំពេញការងារ ឬបំពេញការងារដោយខ្ជីខ្ជា ឬបំពេញដោយកេងយកផលប្រយោជន៍ពីប្រជាជន គឺជាអំពើពុករលួយ។ រាល់ការអែបអបថ្នាក់លើ ដើម្បីធ្វើបាបអ្នកដទៃ ជាអំពើហួងហេតុបំផុត ដែលមន្ត្រីមិនគួរប្រកាន់ខ្ជាប់។
ប្រភពឯកសារ ខុងជឺ ស្តេចគ្មានបាល្ល័ង្គ ដដែលបានបញ្ជាក់ថា ខុងជឺ ទូន្មានច្រើនលើកច្រើនសារដល់មន្ត្រីឱ្យទទួលយកបៀវត្ស ត្រូវតែខិតខំបំពេញកិច្ចការជូនជាតិ។ ក្នុងករណីដែលមន្រ្តីណាម្នាក់យល់ថាបៀវត្សរបស់ខ្លួនមិនសមនឹងសមត្ថភាពរបស់ខ្លួន មន្រ្តីនោះត្រូវលាឈប់ពីតំណែងរបស់ខ្លួនដើម្បីផ្តល់ឱកាសដល់អ្នកដទៃ។ មន្រ្តីនឹងអ្នកដឹកនាំរដ្ឋត្រូវសហការគ្នាយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមហើយជំរុញទឹកចិត្តប្រជាជនមានទំនុកចិត្តលើអ្នកដឹកនាំរបស់ខ្លួន។ ទម្រាំឱ្យប្រជាជនមានទំនុកចិត្តជាកិច្ចការ ដែលត្រូវប្រើរយៈពេលយូរអង្វែង និងអនុវត្តជាប្រចាំ តែប្រជាជនបាត់បង់ជំនឿចិត្តវិញ គឺក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
ក្នុងទស្សនៈខុងជឺ ដដែលបន្ថែមថា ប្រសិនបើអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាកដណាស់ប្រជាជននឹងរស់នៅដោយសេចក្តីសុខ និងគោរពច្បាប់ជាមិនខាន។ ម្យ៉ាងទៀតប្រសិនបើអ្នកដឹកនាំអនុវត្តច្បាប់តឹងរឹង នោះអ្នកដឹកនាំនឹងសាងកំហុស នឹងសោកស្តាយតិចតួចបំផុត។ ប៉ុន្តែការអនុវត្តច្បាប់តឹងរឹងមិនមែនមានន័យថា អ្នកដឹកនាំនោះជាជនផ្តាច់ការឡើយ ព្រោះអំពើផ្តាច់ការមានភាពឃោឃៅជាងសត្វសាហាវទៅទៀត។ ដើម្បីជៀសផុតពីអំណាចផ្តាច់ការ អ្នកដឹកនាំមិនត្រូវលើកតម្កើនមន្រ្តីអែបអប ហើយមិនត្រូវមើលរំលងមន្ត្រីដែលផ្តល់គំនិតរិះគន់ស្ថាបនាឡើយ។ ជាមួយគ្នានេះ អ្នកដឹកនាំ ត្រូវមានសុភវិនិច្ឆ័យចំពោះមន្រ្តីដែលអ្នកជុំវិញស្អប់ ឬមន្ត្រីដែលមានអ្នកជុំវិញស្រឡាញ់ ព្រោះយើងអាចវិនិច្ឆ័យខុស៕