អាជីវកម្ម Aug 15, 2023 | 14:42 PM

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បង្ហាញពីររបាយការណ៍លទ្ធផលហិរញ្ញវត្ថុក្នុងត្រីមាសទី២របស់ខ្លួន

image

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនអប់រំឯកជនដំបូងបំផុតចុះបញ្ជីផ្សារមូលបត្រកម្ពុជា បានចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទីពីរ ដែលទើបនឹងបិទបញ្ចាប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីគូសបញ្ជាក់ឡើងវិញអំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួននៅឆ្នាំ២០២៣ផងដែរ។

បើតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបានចំណូលសរុបប្រមាណ១៨,៨៣២,៥៧០ដុល្លារ នៅត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២៣ ដោយមានការកើនឡើងដល់ទៅ ៦,៣៨៣,៥៣៧ដុល្លារ ស្នើនឹង៥១% ធៀបនឹងត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២២កន្លងទៅ ដែលកើនត្រឹមតែ ១២,៤៩៩,០៣៣ដុល្លារ។ ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំនេះ បណ្តាលមកពីកត្តាមួយចំនួន។

កត្តាដំបូងនិងសំខាន់បំផុតនោះគឺ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចរៀបចំសម្របខ្លួនបានភ្លាមៗ ទៅនឹងស្ថានភាពអប់រំកំលុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើពេលនោះ អ្វីៗធ្វើឡើងដោយបណ្តោះអាសន្ន ប៉ុន្តែដោយមានកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទើបក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក អាចបន្តប្រតិបត្តិការផ្តល់សេវាអប់រំនិងត្រលប់មកបង្រៀនដូចដើមបានភ្លាមៗ នៅពេលប្រទេសដទៃទៀតក្នុងសាកលលោកអាចវិលត្រលប់មកសភាពធម្មតាវិញ។ មិនខុសពីនេះប៉ុន្មាន ដោយសារតែមានការទទួលស្គាល់និងជឿជាក់លើកេរ្តិ៍ឈ្មោះស្ថាប័ន សាលារៀនរបស់ខ្លួនអាចបន្តនិងរក្សាកំណើនសិស្សមកចុះឈ្មោះចូលរៀន។

ជាងនេះទៅទៀតនោះ ក្រុមហ៊ុនបានប្រមូលបានប្រាក់ចំណេញដុលចំនួន១២,៣៣២,៧៤១ដុល្លារ និងប្រាក់ចំណេញសុទ្ធប្រមាណ៣,២៦៧,៩០៦ដុល្លារ។ ពិតណាស់ ទឹកប្រាក់បានកើនឡើងគួរឱ្យកត់សម្គាល់ ប្រមាណ៤,០៤២,៩១១ដុល្លារ និង១,០៥២,៨១១ដុល្លារ បើធៀបទៅនឹង៦ខែដំបូងនៃឆ្នាំមុន។
បើក្រឡេកមើលស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុនតាមឆ្នាំហិរញ្ញវត្ថុចុងគ្រា ដែលបានបិទបញ្ចប់នៅខែធ្នូឆ្នាំ២០២២កន្លងទៅ យើងអាចមើលឃើញថា ទ្រព្យសកម្មសរុបមានចំនួន៦,៥៧២,២០៦ដុល្លារ បានកើនដល់ទៅ៨០,៤៧១,៨៤៦ដុល្លារ។ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា អត្រាកើនឡើងមានដល់ទៅ៩% ធៀបនឹងចំនួន ៧៣,៨៩៩,៦៤០ដុល្លារ យោងតាមរបាយការណ៍ដែលបិទបញ្ចប់នៅឆ្នាំកន្លងទៅ។ 

ម្យ៉ាងវិញទៀត មូលធនសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលកើនពី១៧,៩៦៣,៨៦២ដុល្លារ ទៅ២២,៧១៤,៤៧៣ដុល្លារ ស្មើនឹងកំណើន២៦.៤%។ បំណុលសរុបបានកើនឡើង១,៨២១,៥៩៥ដុល្លារ ស្មើនឹង៣.៣% ពោលកើនពី៥៥,៩៣៥,៧៧៨ដុល្លារ ទៅ៥៧,៧៥៧,៣៧៣ដុល្លារ។

សូមបញ្ជាក់ថា គោលបំណងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ហៅកាត់ MJQE គឺបង្កើតសាលារៀនឯកជនដែលប្រកាន់ភ្ជាប់ស្តង់ដាអន្តរជាតិ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកខ្លួនរហូតដល់ទៅ១៦សាខា គ្របដណ្តប់ក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តសៀមរាប។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនកំពុងគ្រោងនឹងពង្រីក៤សាខាបន្ថែមទៀត ស្ថិតក្នុងខណ្ឌសែនសុខនិងខណ្ឌច្បារអំពៅ នៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ៕